លោកឧកញ៉ាអ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍ពេជ្រ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុខណៈ បុរសរូបនោះចុះពីលើរថយន្តបំណងទៅទិញផ្លែឈើបង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង៧និង១៨នាទីយប់ ថ្ងៃទី ២២ វិចិ្ឆកា ២០១៤ នៅចំណុចមុខហាងលក់ផ្លែឈើ <<ឡោ តិចសេង>> តាមផ្លូវព្រះសីហនុ កែង និងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។ បុរសរងគ្រោះត្រូវបានគេស្គាល់ថាជាឧកញ្ញា អឹុង ម៉េងជឺ អាយុ៤០ឆ្នាំ ជាថៅកែក្រុមហ៊ុន ស៊ីម៉ង់ត៍ពេជ្រ បច្ចុប្បន្នរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះរថយន្ត ម៉ាកឡិច ស៊ីស ៥៧០ ពណ៌ឈាមជ្រូកមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2M-1683 បំណងមកទិញផ្លែឈើ ។ ខណៈបើករថយន្តមកដល់មុខហាងលក់ផ្លែឈើ <<ឡោ តិចសេង>> បុរសរងគ្រោះបានចុះពីលើរថយន្តបានប្រហែល៣ជំហាន ស្រាប់តែត្រូវខ្មាន់កាំភ្លើងពីរនាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿងមកដល់ បានដកកាំភ្លើង បាញ់ស្រោចមកលើបុរសរងគ្រោះបណ្តាលឱ្យបុរសរងគ្រោះដួលផ្កាប់មុខស្លាប់ភ្លាមមួយរំពេចនៅនឹងកន្លែងកើតហេតុ ។ ចំណែកជនដៃ ដល់ទាំងពីរនាក់ បានឡើងជិះម៉ូតូ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ឃាតករដៃដល់ទាំងពីរនាក់ខាងលើនេះ បានប្រើកាំភ្លើងម៉ាក ឡុក CZ 89 ក្នុងការបាញ់ប្រហារ ហើយបានបាញ់អស់ចំនួន១០គ្រាប់ ប៉ុន្តែផ្ទុះតែ៦គ្រាប់ប៉ុណ្ណោះ ហើយគ្រាប់ចំនួន៤ ក្នុងចំណោមគ្រាប់កាំភ្លើង៦គ្រាប់ ដែលបានផ្ទុះ បានបាញ់ធ្លាយចូលទៅក្នុងខ្លួនរបស់ជនរងគ្រោះបណ្តាលឱ្យ ស្លាប់បាត់បង់ជីវិតភ្លាមៗ។
លោកជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានសន្និដ្ឋានជាជំហានដំបូងថា ចំពោះករណីបាញ់សម្លាប់នេះគឺផ្តើមចេញពីរឿងគំនុំ ប៉ុន្តែមិនទាន់ដឹងថា ជាគំនុំរវាងវិវាទគ្រួសារ ឬក៏ជាគំនុំរវាងដៃគូររកស៊ី នោះទេហើយ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនដៃដល់មិនមែនជាមនុស្សធម្មតានោះទេ គឺជាឃាតករដៃឆើតដ៏សាហាវ ដែលធ្លាប់ហ្វឹកហ្វឺនយ៉ាងល្អក្នុងការបាញ់អាវុធ ។ ដោយឡែកប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាមនុស្សមួយចំនួន ដែលស្គាល់ជនរងគ្រោះ បានអះអាងថា លោកឧកញ៉ាអ៊ឹង ម៉េងជឺ និងភរិយាឈ្មោះ តាំង គឹមឆេង ដែលជាថៅកែហាងពេជ្រហុង កុង មានទីតាំងនៅជិតផ្សារថ្មីនោះគឺលោកទាំងពីរនាក់ជាមនុស្សស្លូតត្រង់ ចូលចិត្តធ្វើបុណ្យ និងជួយមនុស្សចាស់ជរាជាច្រើនមកហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេចំពោះករណីខាងលើ ថាតើផ្តើមចេញមកពីមូលហេតុអ្វីឱ្យពិតប្រាកដ គ្រាន់តែដាក់ការសន្និដ្ឋានជំហានដំបូងគឺផ្តើមចេញពីរឿង គំនុំ ។
សពត្រូវបាន សមត្ថកិច្ចដឹកតាមរថយន្តសាមុយបញ្ចូនត្រឡប់ទៅកាន់លំនៅឋានរបស់លោក ឧកញ៉ា ដើម្បីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យបន្ថែម រួចប្រគល់ជូនទៅខាងក្រុមគ្រួសារដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់កំពុងបើកការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំបន្ថែម ពីលើព័ត៌មាន និងភស្តុតាងមួយចំនួន ដែលសមត្ថកិច្ចប្រមូលបាន ដើម្បីកំណត់ មុខសញ្ញាឃាតករដៃដល់ ទាំង២នាក់ខាងលើ ។
No comments:
Post a Comment