សម្លាប់ក្នុងចម្ការដើមប្រេងខ្យល់ប្លន់យកម៉ូតូបានតែ៤ថ្ងៃ ប៉ូលិសវែកមុខ និងចាប់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ សពយុវជនម្នាក់ដែលអ្នកស្រុកប្រទះឃើញនៅក្នុងចម្ការប្រេងខ្យល់ «ប្រទះឃើញសពបុរសម្នាក់ស្លាប់នៅក្នុងចម្ការប្រេងខ្យល់មិនទាន់ដឹងមូលហេតុ »កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា កន្លងមក ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយត្រូវគេបូជានៅវត្តប្រជាធម្មត្រ័យ ក្នុងភូមិប្រជាធម្ម កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា នោះ នៅព្រឹកថ្ងៃទី២០ វិច្ឆិកា គេឃើញឪពុកម្តាយសព និងសាច់ញាតិមកតាមរកដល់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ ការតាមមករកនេះ គឺបន្ទាប់ពីពួកគាត់ឮព័ត៌មានក្នុងស្រុកផ្សព្វផ្សាយថា មានជនរងគ្រោះស្លាប់មិនស្គាល់អត្តសញ្ញាណ លុះពេលពិនិត្យសពក៏ស្គាល់ ហើយនាំគ្នាទ្រហោយំ ។
សពនេះគឺឈ្មោះ សោម ដែន អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ តាមបុរសជាឪពុកឈ្មោះ សោម សាត អាយុ៤៧ឆ្នាំ ម្តាយឈ្មោះ ឌុច អូន អាយុ៤២ឆ្នាំ រៀបរាប់ថា កូនប្រុសរបស់គាត់បានបាត់ពីផ្ទះនៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៧ វិច្ឆិកា មិនដឹងទៅណាទេ ជាមួយម៉ូតូមួយគ្រឿង ធុនសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-8452 ។
ក្រុមសាច់ញាតិនិយាយថា ក្រោយពីបាត់ជនរងគ្រោះ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ក៏នាំគ្នាទូរស័ព្ទទៅវិទ្យុ ABC ដើម្បីផ្សព្វផ្សាយរកជនរងគ្រោះផងដែរ ព្រោះគិតថាខ្លាចទៅដើរលេងជាមួយមិត្តភក្តិ ។ ក្រោយមកដោយសារមានព័ត៌មានផ្សព្វផ្សាយពីការប្រទះឃើញសពមិនស្គាល់អត្តសញ្ញាណនៅក្រុងប៉ោយប៉ែត ដោយសង្ស័យក៏នាំគ្នាមកសុំមើលរូបថតសពពីសមត្ថកិច្ចទើបដឹងថាជាកូន ។ តាមក្រុមសាច់ញាតិសពនិយាយថា ក្រោយការបាត់ជនរងគ្រោះ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ក៏បានហៅជនសង្ស័យ២នាក់ យកទៅសួរនាំ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីសាកសួរបន្ត ព្រោះតែពួកគេបានបាត់ពីភូមិស្របពេលដែលបាត់ជនរងគ្រោះដែរ ។
ក្រុមគ្រួសារនិងសាច់ញាតិ បន្ទាប់ពីរាយការណ៍ករណីខាងលើដល់នគរបាលក្រុងប៉ោយប៉ែតរួចក៏នាំគ្នាទៅកាន់វត្តប្រជាធម្មត្រ័យ ដើម្បីយកធាតុជនរងគ្រោះទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី ។ ទោះជាយ៉ាងណា ជុំវិញការហៅជនសង្ស័យ២នាក់ ទៅសួរនាំនោះ លោក សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ មិនបានរៀបរាប់ពីដំណើរដើមរឿងខាងលើឱ្យពិស្តារទេ គ្រាន់តែប្រាប់ថា ពិតជាបានហៅជនសង្ស័យ២នាក់មកសាកសួរមែន បន្ទាប់មកលោកប្រាប់ថាកំពុងធ្វើការរឿងហ្នឹងនៅឡើយ ។ និយាយតែប៉ុណ្ណឹង លោកក៏ចុចផ្តាច់ទូររស័ព្ទតែម្តង ធ្វើឱ្យការស្វែងរកព័ត៌មានមិនអាចលម្អិតលើសពីនេះបាន ។
ទីបំផុតជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី២០ វិច្ឆិកា និងនាំទៅបង្ហាញទីតាំងលាក់ទុកម៉ូតូក្រោយពីប្លន់បាននោះ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ក្នុងព្រៃមួយនៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ឡាំ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុន ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ ។ ពួកគេទាំង២នាក់ មានទីលំនៅក្នុងភូមិជាមួយជនរងគ្រោះដែរ គឺភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ សមត្ថកិច្ចបាននាំជនសង្ស័យទាំង២នាក់ ទៅទីតាំងដែលពួកគេលាក់ទុកម៉ូតូ ក្រោយប្លន់ពីជនរងគ្រោះបានសម្រេច ដែលទីនោះជាព្រៃចម្ការមួយដាច់ស្រយាលពីភូមិ និងគ្មានមនុស្សរស់នៅ ។
នៅទីតាំងលាក់ទុកម៉ូតូ ជនសង្ស័យទាំង២នាក់បានរៀបរាប់ពីដំណើរដើមរឿងមុនពេលប្លន់ថា នៅព្រលប់ថ្ងៃទី១៧ វិច្ឆិកា ពួកគេបានចេញពីស្រុកម៉ាឡៃជាមួយជនរងគ្រោះ ដោយជិះម៉ូតូជនរងគ្រោះមានគ្នា៣នាក់ លុះទៅដល់ចំណុចកើតហេតុ (នៅក្រុងប៉ោយប៉ែត) មានបញ្ហាតិចតួចរឿងទិញថ្នាំញៀនជក់ ក៏ឈានដល់ការប្រើហិង្សា ។
ជនសង្ស័យឈ្មោះ ឡាំ វាសនា បានសារភាពថា ខ្លួនបានទាញអាវដៃវែង ពណ៌ស របស់ជនរងគ្រោះដែលដោះរួចជាស្រេចនោះរឹត.កសម្លាប់ ឯឈ្មោះ សុន ចិត្ត សារភាពថាខ្លួនជាអ្នកមួលបំបាក់.ក រួចរុញទម្លាក់ទឹក ។ ម៉ូតូធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-8452 ដែលជារបស់ជនរងគ្រោះឈ្មោះ សោម ដែន នោះ ពេលពិនិត្យនៅទីតាំងលាក់ទុក គេមិនឃើញមានស្លាកលេខទេ ដោយជនសង្ស័យនៅតែព្យាយាមកុហកថា ស្លាកលេខនោះគឺជនរងគ្រោះដោះទុកដោយខ្លួនឯង ហើយទីតាំងលាក់ម៉ូតូនោះ ស្ថិតលើដំបូកព្រៃចម្ការមួយ ដោយម៉ូតូនោះដួលលើដំបូងនោះតែម្តង ៕
No comments:
Post a Comment