ឃាត់ខ្លួនជនដៃដល់ម្នាក់វាយបំបាក់.កសម្លាប់ស្ត្រីសរសៃខ្ចី ចោទថាចេះអំពើអាបធ្មប់
ខេត្តក្រចេះ ៖ ប៉ូលិសស្រុកសំបូរស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ទៀតដែលបានធ្វើសកម្មភាពវាយបំបាក់.កស្ត្រីសរសៃខ្ចីម្នាក់ រហូតដល់ស្លាប់ រួចទម្លាក់ចូលបឿនក្នុងទឹកបឹង ដោយសារតែមានគំនុំជាមួយស្ត្រីរងគ្រោះចោទថា ចេះអំពើអាបធ្មប់។
ជនដៃដល់ត្រូវនគរបាលស្រុកសំបូរ ចុះឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៣ តុលា បន្ទាប់ពីជននេះនិងបក្ខពួកពីរនាក់ទៀតព្រួតគ្នាវាយសម្លាប់ទៅលើស្ត្រីរងគ្រោះដោយចាប់សម្រាតយកក្រមារុំមុខ រួចអូសពីលើផ្ទះទៅព្រៃខាងក្រោយផ្ទះចម្ងាយជាង២គីឡូមែត្រ ទើបវាយបំបាក់.កសម្លាប់ទម្លាក់ចូលទឹកបឹង។
ប៉ូលិសស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ ចក់ ណែម អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ បានព្រួតគ្នាវាយសម្លាប់ទៅលើស្ត្រីរងគ្រោះឈ្មោះ អំផាត មុំ អាយុ៣២ឆ្នាំ ជាស្ត្រីសរសៃខ្ចី ដែលទើបតែសម្រាលកូនស្រី២ខែ និងស្នាក់នៅលើផ្ទះតែម្នាក់ឯងនៅចំណុចកើតហេតុ។ អធិការរងនគរទទួលបន្ទុកព្រហ្មទណ្ឌបាលស្រុកសំបូរ លោកអនុសេនីយ៏ឯក ឈិន សំបូរ បានឲ្យដឹងថា ជនសង្ស័យរូបនេះ គឺត្រូវនគរបាលឃាត់ខ្លួនបាននៅពេលដែលកម្លាំងជំនាញ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេត។ ជាមួយគ្នានេះនគរបាល ក៏បានឃាត់ខ្លួនជនប្រុសស្រីពីរនាក់ផ្សេងទៀត ដែលរស់នៅក្បែរនោះ ដោយសង្ស័យពីបទរួមគំនិតក្នុងអំពើឃាតកម្ម។
លោកអនុសនីយ៏ឯកឲ្យដឹងទៀតថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ តុលា នៅពេលដែលស្ត្រីរងគ្រោះរូបនេះ កំពុងតែនៅលើផ្ទះជាមួយនឹងកូនតូចៗ ខណៈដែលប្តីមិនទាន់មកពីព្រៃ។ ជនដៃដល់និងបក្សពួក២នាក់ទៀតបានឡើងទៅលើផ្ទះរបស់ស្ត្រីរងគ្រោះ និងបានចាប់ស្ត្រីរងគ្រោះយកក្រមារុំមុខ ហើយចាប់អូសស្ត្រីរងគ្រោះទៅបឹងខាងក្រោយផ្ទះចម្ងាយជាងពីរគីឡូមែត្រ និងបានធ្វើសកម្មភាពវាយបំបាក់.កស្ត្រីរងគ្រោះទាំងភាពអាក្រាតរួចទម្លាក់ចូលបឿនក្នុងទឹកបឹង ៕
No comments:
Post a Comment